រដ្ឋបាលខេត្តសៀមរាប ណែនាំអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវតាមទូក និងកាណូត ទៅចុះបញ្ជីទូកនៅអង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីងាយស្រួលគ្រប់គ្រង និងកំណត់ទីតាំង!

សៀមរាប: ក្នុងឱកាសប្រជុំត្រួតពិនិត្យការចុះបញ្ជីទូកនេសាទ នៅស្នាក់ការការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមទូក និងកាណូត រួសរាន់ទៅចុះបញ្ជីទូកនៅសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់ទីតាំង។

លោកលី សារី បានជំរុញដល់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញត្រូវសហការគ្នាបង្កើតគណៈកម្មាធិការ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក កាណូត ដោយក្នុងនោះត្រូវពង្រឹងទៅលើបែបបទរដ្ឋបាល ពង្រឹងលក្ខណៈបច្ចេកទេសទូក កាណូតដែលស្របទៅតាមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវធ្វើការផ្សព្វផ្សាយ និងបំផុសឱ្យបងប្អូនប្រជានេសាទដែលមានទូក កាណូត សសម្រាប់ដឹកភ្ញៀវ ត្រូវរួសរាន់ចុះបញ្ជីទូក កាណូតឱ្យបានទាន់ពេលវេលា ខណៈគិតមកទល់ពេលនេះ ទូក និងកាណូត ដែលបានចុះបញ្ជីនៅច្រកចេញចូលតែមួយ មានចំនួន ៣៨ទូក/កាណូត ដែលក្នុងទូក កាណូតដែលនេសាទមានសរុបជាង ១ពាន់។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកនឹងដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះទៅពិនិត្យទូក កាណូតដែលដឹកភ្ញៀវនៅទីតាំងផ្ទាល់ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *