រដ្ឋបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការអញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី២ នៅវត្តព្រះព្រហ្មរត័្ន

សៀមរាប: ឯកឧត្តម មិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជ ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី២ វត្តព្រះព្រហ្មរត័្ន ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាគណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងប្រជាពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ ។

ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ បុណ្យភ្ជុំបិណ្ឌនេះ ដែលបង្កប់ទៅដោយផ្នត់គំនិតសម្រាប់អប់រំ កុំឲ្យមនុស្សគ្រប់រូបប្រមាថ ធ្វើអំពើអាក្រក់ជាហេតុធ្វើឱ្យខ្លួន ភ្លាំងភ្លាត់កំណើតទៅកើតក្នុងអបាយភូមិ មាន (នរក ប្រេត តិរច្ឆាន)ជាដើម។ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរៈកងទ័ព ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី២នេះ ព្រមទាំងឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។

ជាមួយនេះដែរ ឯកឧត្តម និងលោក លោកស្រី បានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តព្រះព្រហ្មរត័្ន នូវគ្រឿងឧបភោគបរិភោគ ចំនួន០៩មុខ និង ១២លានរៀលសម្រាប់ប្រើប្រាស់ក្នុងពិធីកាន់បិណ្ឌ និង បច្ច័យអ្នកចូលរួមពិធី ចំនួន៣លាន៣៥៧ពាន់រៀល និងសីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *