ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងរហ័ស (Flash Flood) ដែលកំពុងហូរជន់លិចផ្លូវក្រួសក្រហមមួយខ្សែ ប្រវែងជាង ២០០ម៉ែត្រ នៅចំណុចខ្សាច់ហាប ស្ថិតក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីវាយតម្លៃផលប៉ះពាល់ជាក់ស្តែង និងឆ្លើយតបចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តតាមដានការវិវត្តនៃស្ថានភាពទឹក និងផលប៉ះពាល់ជុំវិញតំបន់នោះជាប្រចាំ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាឱ្យត្រៀមលក្ខណៈរៀបចំផែនការជួសជុលស្តារឡើងវិញនូវផ្នែកផ្លូវដែលរងការខូចខាតភ្លាមៗ នៅពេលទឹកស្រកផុត ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សកម្មភាពចុះអន្តរាគមន៍ដោយផ្ទាល់ដល់ទីតាំងកើតហេតុនេះ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់យកចិត្តទុកដាក់ជាប្រចាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ និងការដោះស្រាយសុខទុក្ខជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕


