បាត់ដំបង៖នៅល្ងាចថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ និងជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំបន្ទាប់ពី កម្ពស់ ទឹក ហក់ឡើងខ្លាំង ដោយសារ មាន ភ្លៀង ធ្លាក់ ច្រើន ជាប់ ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ពិសេសនៅផ្នែកខាងលើតំបន់នៃស្រុកសំឡូត ធ្វើឱ្យទឹកក្នុងអាងពហុបំណងបាត់ដំបង(សេកសក)លើសបរិមាណស្តុកដូច្នេះមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបើកទ្វារបន្ធូរបរិមាណទឹកដែលពេញអាងរំដោះការជន់លិចនៅផ្នែកខាងលើធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំងបណ្ដាលឱ្យលិចលង់នៅតំបន់មួយចំនួនតាមបណ្ដាក្រុងស្រុកជាប់ដងស្ទឹងសង្កែ និងលិចខ្លាំងជាងគេនៅស្រុកឯកភ្នំដែលជាស្រុកទំនាបជាប់បឹងទន្លេសាប។
ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងត្រូវត្រៀមកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។
ឯកឧត្តម សុខ លូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ និងតំបន់ដែលលិចទឹកមេត្តាប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ និងកុមារតូចៗ។

