សៀមរាប: នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជិម រ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមក្នុងសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស(៩ខែ) និងទិសដៅអនុវត្តបន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស(៩ខែ) និងទិសដៅអនុវត្តបន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានផ្តល់នូវធាតុចូលមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្មខេត្ត និងដៃគូពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានអនុវត្តបន្ត ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្ម។ ឯកឧត្តម បានស្នើដល់មន្ទីរកសិកម្ម បន្តជួយណែនាំ ដល់កសិករក្នុងការរៀបចំដីស្រែ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដាំដុះ ការគ្រប់គ្រងទឹក និងដីឱ្យបានល្អទាំង ការគ្រប់គ្រងជី និងការកម្ចាត់សមាសភាពចង្រៃ ធ្វើឱ្យដំណាំស្រូវលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់។ លើសពីនេះត្រូវជំរុញការផ្លាស់ប្ដូរទម្លាប់របស់កសិករពីការប្រើប្រាស់ពូជប្រពៃណី មកជ្រើសរើសប្រភេទពូជស្រូវទំនើប ដែលផ្តល់ទិន្នផលខ្ពស់។
ឯកឧត្តមបានជំរុញឱ្យបន្តលើកកម្ពស់តាមដានចរន្តសត្វ អនាម័យសត្វ ភូតគាមអនាម័យ ស្របតាមយន្តការក្របខណ្ឌគតិយុត្ត ពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យសាច់តាមសត្តឃាតដ្ឋាន និងចាក់វ៉ាក់សាំងសត្វដើម្បីសុវត្ថិភាព សុខភាពសាធារណៈ។ ជាពិសេសត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ជំរុញការអភិវឌ្ឍវារីវប្បកម្ម បន្តជំរុញការដាំ និងស្តារព្រៃឈើដើម្បីបង្កើនគម្របព្រៃឡើងវិញ និងពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ និងពង្រឹងការការពារក្នុងកម្រិតខ្ពស់ទាន់ពេលវេលានូវភ្លើងឆេះព្រៃ។
បើតាម លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានបង្ហាញថា កន្លងមកមន្ទីរបានសហការអនុវត្តជាមួយដៃគូអភិវឌ្ឍ ក្នុងការជួយគាំទ្រទាំងសម្ភារ បច្ចេកទេស និងចំណេះដឹងទៅដល់កសិករ តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតភាពកសិកម្ម គម្រោងពិពិធកម្មកសិកម្មកម្ពុជា គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម គម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរៈបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប គម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប និងអង្គការនានាផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជិម រ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរដល់មន្ទីរកសិកម្មខេត្ត នូវលទ្ធផលសម្រេចជោគជ័យក្នុងវិស័យកសិកម្មសម្រាប់រយៈពេល៩ខែ កន្លងមកនេះ ក្នុងកិច្ចសហការសម្របសម្រួល និងបំពេញការងារ ដែលជាគោលដៅរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញកសិកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព។ ជាពិសេសការរក្សាបានតុល្យភាពនៃការប្រើប្រាស់ជី កសិកម្ម និងធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមរាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មភាវូបនីយកម្មផលិតកម្មកសិកម្ម ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាពដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសាររបស់កសិករ៕

