ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧបាសក សាយ អឿន!

(កំពង់ចាម) :នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុង កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឧបាសក សាយ អឿន ត្រូវជាឪពុកក្មេករបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ចំពោះការបាត់បង់ ឧបាសក សាយ អឿន ដែលត្រូវជា ឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែង តែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សាយ អឿន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *