ខេត្តស្ទឹងត្រែង៖ ជនជាប់ចោទឈ្មោះ សរ សុជាតិ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ដែលមានតួនាទីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង និងត្រូវជាកូនប្រុសបង្កើតរបស់លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់ និងចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ លេខ ២០១៨ អ.យ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទ «រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ» តាមបញ្ញត្តិមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សំណុំរឿងនេះត្រូវបានបញ្ជូនមកពីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លួនជនជាប់ចោទ រួមជាមួយវត្ថុតាងរថយន្ត ១ គ្រឿង ម៉ាក ISUZU ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 2B-1717 ក្រោយហេតុការណ៍ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ៣០ នាទី នៅចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា ជនជាប់ចោទបានបើកបររថយន្តខាងលើក្នុងលក្ខណៈបង្កឱ្យមានភាពរំខាន និងរារាំងដល់ការធ្វើដំណើរផ្សេងៗមិនហ៊ានជិះមកជិតខ្លួន ជាឧបសគ្គដល់ចរាចរណ៍សាធារណៈ នៅចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧។ ទន្ទឹមនឹងនេះ ផ្អែកតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានបង្ហាញពីការបើកក្រឡឹងជុំវិញរង្វង់មូលប្រមាណ ៤ ទៅ ៥ ជុំ ក្នុងល្បឿនលឿន និងតួងកង់ បណ្តាលឱ្យមានសំឡេងរំខានឮខ្លាំង និងបង្កការភ្ញាក់ផ្អើល ព្រួយបារម្ភ ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋនៅជុំវិញ។
តាមបញ្ញត្តិមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនណារារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ៨០០ ០០០ រៀល ទៅ ៨ ០០០ ០០០ រៀល។ ការបញ្ជូនសំណុំរឿងទៅជំនុំជម្រះផ្ទាល់ដោយតំណាងអយ្យការ គឺជាដំណាក់កាលនីតិវិធីតុលាការ ដើម្បីពិនិត្យ និងសម្រេចតាមផ្លូវច្បាប់លើអង្គហេតុ និងភស្តុតាង។

