ទឹកចិត្តមនុស្សធម៌! សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋខ្វះខាត ១៦៨គ្រួសារ ក្នុងស្រុកភ្នំក្រវាញ

(ពោធិ៍សាត់)៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកា និងមន្ត្រីប្រតិបត្តិសាខា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយ សរុបចំនួន១៦៨គ្រួសារ លើ៣ទីតាំងផ្សេងគ្នា ក្នុងស្រុកភ្នំក្រវាញ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម, មី ១កេស និងទឹកត្រី ១យួរ។

ទីតាំងទី១៖ នៅវត្តសេរីគង្គាសេដ្ឋារាម (ព្រែក១) ឃុំសំរោង ជូនពលរដ្ឋចំនួន ៧៦គ្រួសារ (ព្រមទាំងប្រគេនទានដល់វត្ត នូវអង្ករ ៤០គីឡូក្រាម, មី ២កេស, ទឹកត្រី ២យួរ និងបច្ច័យ ២០ម៉ឺនរៀល)។

ទីតាំងទី២៖ នៅវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ជូនពលរដ្ឋចំនួន ៥៥គ្រួសារ។

ទីតាំងទី៣៖ នៅសាលាឃុំព្រងិល ឃុំព្រងិល ជូនពលរដ្ឋចំនួន ៣៧នាក់។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ហៀម ឃួន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខា និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដោយជានិច្ចកាលថ្នាក់ដឹកនាំទាំងទ្វេ តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬរងគ្រោះដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ»។

លោកអនុប្រធានអចិន្ត្រៃយ៍ បានគូសបញ្ជាក់ថា ទោះបីជាពេលនេះសាខាកាកបាទក្រហមកម្ពុជាខេត្ត មិនបានរៀបចំទិវាធំដុំដូចមុនក៏ដោយ ប៉ុន្តែសកម្មភាពមនុស្សធម៌គឺធ្វើឡើងតាមរយៈលិខិតអំពាវនាវ និងកម្លាំងសទ្ធាជ្រះថ្លា ដើម្បីជួយដល់អ្នកខ្វះខាត ដោយមិនប្រកាន់ពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីទាំងអស់។

លោកក៏បានទទួលស្គាល់ផងដែរថា ពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានពិតជាមានច្រើនជាងចំនួន១៦៨គ្រួសារនេះ ដូច្នេះសាខានឹងខិតខំចុះជួបសំណេះសំណាល និងចែកអំណោយជាបន្តបន្ទាប់ទៀត។

លោកបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត ដោយត្រូវអនុវត្តតាមគោលការណ៍ «តិចខ្លាញ់ តិចស្ករ តិចអំបិល និងបង្កើនការហាត់ប្រាណ» ដើម្បីការពារសុខភាព និងជៀសផុតពីជំងឺរ៉ាំរ៉ៃផ្សេងៗ។ ត្រូវបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតដោយភាពតស៊ូ អត់ធ្មត់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

លោក ហៀម ឃួន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សាសោភណ្ឌភាព បរិស្ថានអនាម័យ និងចេះទុកដាក់សំរាមក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវ និងជួយដាំដើមឈើ ឬផ្កាលម្អ យ៉ាងហោចណាស់ឱ្យបាន ១ដើម នៅក្នុងលំនៅឋានរៀងៗខ្លួន ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង និងខ្យល់អាកាសបរិសុទ្ធក្នុងសហគមន៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *