សៀមរាប: នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តសៀមរាប បានដំណេីរការកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅតាមបណ្តាក្រុងស្រុកក្នុងខេត្ត និងស្វែងរកដំណោះស្រាយលើការងារសំខាន់ៗក្នុងវិស័យរៀបចំដែនដី និងលំនៅឋាន ព្រមទាំងពិនិត្យមើលគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងជំរុញការអភិវឌ្ឍខេត្ត ឱ្យមានសណ្តាប់ធ្នាប់សោភ័ណភាព និងចីរភាព ក្រោមការដឹកនាំដោយ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សំរិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
លោក ហែន ពុទ្ធី អភិបាលរងខេត្ត កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ការពិនិត្យស្ថានភាពការងារសំណង់ និងលំនៅឋាន ព្រមទាំងការពិនិត្យ និងពិភាក្សាលើគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈនានា ដើម្បីធានាឱ្យការអភិវឌ្ឍមានភាពសមស្របតាមផែនការរៀបចំដែនដី និងនគរូបនីយកម្ម។ ហើយពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ អង្គប្រជុំបានពិនិត្យលទ្ធផលដែលសម្រេចបាន ការងារដែលកំពុងអនុវត្ត និងការងារដែលនៅសេសសល់ ព្រមទាំងបញ្ហាប្រឈមនានាដែលក្រុមការងារបានជួបប្រទះនៅតាមមូលដ្ឋាន។ ក្នុងនោះ រួមមានការកំណត់ព្រំក្បាលដី ការប្រមូលឯកសារ និងព័ត៌មានពាក់ព័ន្ធ ការផ្ទៀងផ្ទាត់ម្ចាស់កម្មសិទ្ធិ ការដោះស្រាយករណីមានការខ្វែងគំនិត ឬវិវាទ និងការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
លោក ហែន ពុទ្ធី ក៏បានជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ពន្លឿនការងារដែលនៅសេសសល់ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ដោយធានានូវភាពត្រឹមត្រូវ តម្លាភាព និងអនុលោមតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីឈានទៅផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានកាន់តែឆាប់រហ័ស។ ហើយចំពោះវិស័យសំណង់និងលំនៅឋានត្រូវពិនិត្យស្ថានភាពនៃការអភិវឌ្ឍសំណង់នានានៅក្នុងមូលដ្ឋាន ដោយយកចិត្តទុកដាក់លើការគោរពបទដ្ឋានបច្ចេកទេស សុវត្ថិភាព គុណភាពសំណង់ ការអនុវត្តតាមលិខិតអនុញ្ញាត និងការរៀបចំសំណង់ឱ្យស្របតាមប្លង់គោល និងផែនការប្រើប្រាស់ដី។ ទន្ទឹមនេះ អាជ្ញាធរ និងមន្ត្រីជំនាញត្រូវបន្តពង្រឹងការត្រួតពិនិត្យ និងណែនាំដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍន៍ឱ្យអនុវត្តស្របតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ។
លោកអភិបាលរងខេត្ត បន្តថាពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈគឺត្រូវពិនិត្យ និងពិភាក្សាលើទីតាំង និងទិសដៅនៃការរៀបចំអភិវឌ្ឍ ដោយផ្តោតលើការបង្កើនតំបន់បៃតង កន្លែងសម្រាកលំហែ ទីធ្លាសាធារណៈ និងការរៀបចំបរិស្ថានឱ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ និងងាយស្រួលសម្រាប់ការប្រើប្រាស់របស់សាធារណជន។ ចំពោះការអភិវឌ្ឍលំហសាធារណៈ ត្រូវគិតគូរទាំងផ្នែកសោភ័ណភាព បរិស្ថាន សុវត្ថិភាព និងផលប្រយោជន៍សាធារណៈ ដោយត្រូវមានការសិក្សា និងរៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីធានាថាតំបន់ដែលបានអភិវឌ្ឍអាចផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់គុណភាពបរិស្ថានរស់នៅ។
ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យក្រុមការងារជំនាញបន្តពន្លឿនការងារនៅតាមតំបន់ដែលកំពុងអនុវត្តដោយត្រូវធានាឱ្យបាននូវភាពត្រឹមត្រូវ តម្លាភាព និងការអនុវត្តតាមនីតិវិធីជាធរមាន។ ចំពោះបញ្ហា ឬករណីស្មុគស្មាញ ត្រូវរួមគ្នាពិនិត្យ និងស្វែងរកដំណោះស្រាយសមស្រប ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងបញ្ចៀសកុំឱ្យបញ្ហាដែលអាចដោះស្រាយបាននៅមូលដ្ឋានក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការការងារទាំងមូល។
ឯកឧត្តម សួស សុខចាន់ បានសង្កត់ធ្ងន់ថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ មានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពនៃសិទ្ធិកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ កាត់បន្ថយវិវាទដីធ្លី បង្កើនភាពច្បាស់លាស់នៃស្ថានភាពគតិយុត្តនៃដីធ្លី និងរួមចំណែកដល់ការគ្រប់គ្រង ការរៀបចំដែនដី និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ ហើយក្រុមការងារជំនាញនិងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជំរុញការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចគោលដៅចុះបញ្ជីដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ ស្របតាមផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សូមបន្តយកចិត្តទុកដាក់លើការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ការរៀបចំនគរូបនីយកម្ម ការគ្រប់គ្រងសំណង់ និងលំនៅឋាន ព្រមទាំងការអភិវឌ្ឍលំហសាធារណៈឱ្យមានភាពស៊ីសង្វាក់គ្នា ដើម្បីធានាបាននូវការអភិវឌ្ឍមូលដ្ឋានប្រកបដោយសណ្តាប់ធ្នាប់ សុវត្ថិភាព សោភ័ណភាព និងចីរភាព ព្រមទាំងបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

