(ភ្នំពេញ) :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលតែងតែខិតខំអស់ពីសមត្ថភាពដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋឱ្យបានជាអតិបរិមា មិនថាក្នុងដំណាក់កាលខ្មៅងងឹត ឬក្នុងវិបត្តិជំងឺកូវីដ-១៩ នោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំឭកអំពីស្មារតីខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់កងទ័ពអាវស និងក្រុមគ្រូពេទ្យកម្ពុជា ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ព្រមទាំងការចូលរួមយ៉ាងសកម្មពីសំណាក់មន្ទីរពេទ្យកម្រិតធ្ងន់នានា រួមទាំងមន្ទីរពេទ្យហ្លួងម៉ែផងដែរ ក្នុងការជួយព្យាបាលអ្នកជំងឺធ្ងន់ៗជូនប្រជាពលរដ្ឋ។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះហើយជាស្ថានភាពជាក់ស្តែងសម្រាប់សង្គមជាតិកម្ពុជា ដែលរាជរដ្ឋាភិបាលតែងតែរួមសុខទុក្ខជាមួយគ្នា ដោះស្រាយបញ្ហារួមគ្នា ក្រោមស្មារតីជាតិខ្មែរក្នុងការម្ចាស់ការដើម្បីធានាដល់សុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប៕

