ក្រុមការងារចម្រុះបន្តចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម​ និងស្រុកជីក្រែង​ ខេត្តសៀមរាប❗​

ខេត្តសៀមរាប: កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលខេត្តសៀមរាប បានបន្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ដ្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីពង្រឹងការការពារធនធានជលផល និងអភិរក្សពូជត្រីក្នុងរដូវបិទនេសាទ។

ក្នុងឱកាសនោះ លោក អ៉ឹង គឹមលាង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ មានលប រ៉ាវ ដាក់លើសប្រវែង ចំនួន៥របាំង។ ក្នុងនោះបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលលបចំនួន ១០គ្រឿង របាំងសាច់អួនប្រវែង ៨០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣០០ដើម និងបានចាក់លែងត្រីចម្រុះចំនួន ៣០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

លោកបានបញ្ជាក់ទៀតថា ក្រុមការងារក៏បានចុះពិនិត្យការធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍ លបណរ (ឬរ៉ាវ) ដោយបានផ្ទៀងផ្ទាត់ឃើញថា ការនេសាទទាំងនោះត្រូវបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិច្បាប់កំណត់។

លោកអភិបាលរងខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះ និងអាជ្ញាធរមានសមត្ថកិច្ចជលផលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនាពេលកន្លងមក។ លោកបានគូសបញ្ជាក់ថា ការទប់ស្កាត់បទល្មើសក្នុងរដូវត្រីពងកូននេះ គឺជួយបង្កើនផលស្តុកត្រីឱ្យកាន់តែសម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជានេសាទដែលប្រកបរបរស្របច្បាប់ និងរក្សាពូជត្រីឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *