រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំប្រមូលធាតុចូលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីដោះស្រាយបញ្ហាប្រជាជន និងអភិវឌ្ឍន៍!

ខេត្តសៀមរាប: គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ស្តីពីការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD) ក្រោមអថីបតីភាព លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប។

‎លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់បំផុត ដើម្បីធានាថាផែនការសកម្មភាពថ្នាក់ខេត្តមានភាពស៊ីសង្វាក់គ្នាយ៉ាងរលូនជាមួយក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ដំណើរការនេះនឹងជួយឱ្យគណៈកម្មាធិការកំណត់ការងារអាទិភាពបានច្បាស់លាស់ ព្រមទាំងបែងចែកថវិកា កម្លាំងពលកម្ម និងពេលវេលាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយមានការចូលរួម និងភាពជាម្ចាស់រួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ លោកជំទាវបានបន្ថែមថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះជាឧបករណ៍ដ៏សំខាន់ក្នុងការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសកម្មភាពប្រជាជន និងអភិវឌ្ឍន៍ឆ្ពោះទៅឆ្នាំ២០៣០ ដោយផ្តោតលើគោលដៅរួម «សូន្យបី» រួមមាន៖ បញ្ចប់តម្រូវការមិនទាន់ឆ្លើយតបផ្នែកផែនការគ្រួសារ៖ ផ្អែកលើព័ត៌មាន និងសេវាសុខភាព ដើម្បីការពារជីវិត កាត់បន្ថយភាពក្រីក្រ និងផ្ដល់សិទ្ធិអំណាចដល់ស្ត្រី។ បញ្ចប់មរណភាពមាតាដែលអាចបង្ការបាន៖ ការពារសិទ្ធិរស់រានមានជីវិត និងលើកកម្ពស់ស្ថិរភាពគ្រួសារ-សង្គម និងបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ/ផ្លូវភេទ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់៖ លើកកម្ពស់សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងបង្កើតសង្គមមានសមធម៌ និងសន្តិភាព។

‎លោកជំទាវ ស៊ិន ណម ក៏បានស្នើសុំឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការផ្តល់ទិន្នន័យជាក់ស្តែង ជៀសវាងទិន្នន័យចាស់ បង្ហាញពីបញ្ហាប្រឈមពិតប្រាកដ និងដាក់ចេញនូវសកម្មភាពច្បាស់លាស់ ឆ្លើយតបទៅនឹងគោលដៅសូន្យ៣។ គ្រប់ភាគីត្រូវផ្ញើធាតុចូល និងរបាយការណ៍បូកសរុបមកក្រុមការងារបច្ចេកទេសឱ្យបានទាន់ពេលវេលាដែលបានកំណត់ ដើម្បីជៀសវាងការរាំងស្ទះដល់ដំណើរការអនុវត្តរួម។

‎លោកស្រី ស្រី សុគុណ ប្រធានស្តីទីមន្ទីរផែនការខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាបមានប្រជាពលរដ្ឋសរុបជាង ១លាននាក់ រស់នៅក្នុង ២៧៩ ២០៤ គ្រួសារ និងមានដង់ស៊ីតេប្រជាជន ១១៩ នាក់/គីឡូម៉ែត្រក្រឡា។ ក្នុងនោះ ប្រជាជនក្នុងវ័យកម្លាំងពលកម្ម មានចំនួន ៧៦១ ៤៩៦ នាក់ (ស្មើនឹង ៦២,០៥%) ដែលជាទំហំធំជាងប្រជាជននៅក្នុងបន្ទុក។ នេះជាឱកាសមាសក្នុងការទាញយកភាគលាភប្រជាសាស្ត្រ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត។ ជាមួយគ្នានេះប្រជាពលរដ្ឋក្នុងខេត្តប្រកបមុខរបរកសិកម្ម ៦៦,៤%, សេវាកម្ម ៣២,៣% និងសិប្បកម្ម ១,៣%៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *