(កំពង់ចាម) :នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលឯកសារ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងករណីវិវាទ ទិញ-លក់ដី នៅតំបន់មេទឹកប្រាំងតាសុខ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ រហូតឈានដល់បញ្ចប់ទំនាស់ដីធ្លីដ៏រាំរ៉ៃ មួយនេះ ក្រោមគោលការណ៍ឈ្នះ ឈ្នះ និងសាមគ្គីភាព។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យឡើងវិញនូវឯកសារ ប្រវត្តិ និងព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើ ព្រមទាំងប្រមូលធាតុចូលពីមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ ឱ្យចូលរួមមតិយោបល់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានលម្អិត ព្រមទាំងប្រមូលព័ត៌មាន និងធាតុចូលពីប្រភពពាក់ព័ន្ធ ដោយផ្អែកលើអង្គហេតុជាក់ស្តែង ប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ជាធរមានដើម្បីដោះស្រាយវិវាទ ផងដែរ៕

