អភិបាលខេត្តកំពង់ធំ ជំរុញអាជ្ញាធរក្រុង ស្រុក ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់!

ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងអាជ្ញាធរមានសមត្ថកិច្ច ខិតខំចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងដីព្រៃឱ្យបានប្រសើរឡើង ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះជនល្មើស។

ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែសីហា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បន្តថា កន្លងមក កម្លាំងគណៈបញ្ជាការឯករដ្ឋបាលខេត្ត ក្រុងស្រុក បានទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ មានការថយចុះជាបន្តបន្ទាប់ ដែលបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបរបស់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងការចូលរួមសហការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម នួន ផារ័ត្ន បន្ថែមថា នាពេលថ្មីៗនេះ យើងចុះកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ដែលមានភាពចាំបាច់ និងបានអនុវត្តការងារកំណត់ព្រំប្រទល់សម្រេចបានមួយចំនួន។ ការចុះកំណត់ព្រំប្រទល់នេះ ដើម្បីកំណត់ទីតាំង និងព្រំដីរវាងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងស្របតាមស្ថានភាពជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារដីរដ្ឋ ទប់ស្កាត់ការទន្ទ្រាន ការកាន់កាប់ និងការប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងចូលរួមបង្ការ និងកាត់បន្ថយវិវាទដីធ្លី និងធានាបាននូវការគោរព និងការអនុវត្តសិទ្ធិប្រើប្រាស់ដីស្របតាមច្បាប់របស់ប្រជាពលរដ្ឋ។

សូមជម្រាបផងដែរ នៅខែវិច្ឆិកាខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *