អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធី KAPEA SCAM ដើម្បីការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

(កំពង់ចាម)៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ឱ្យទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ផ្លូវការ ដែលមានឈ្មោះថា «KAPEA SCAM» ដើម្បីការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំសាលាខេត្ត។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្ន ល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្ដូររូបភាពជាច្រើន ដូច្នេះ ការប្រើប្រាស់កម្មវិធី «KAPEA SCAM» គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារបងប្អូន មិនឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃក្រុមឆបោកតាមអនឡាញ។ ជាមួយគ្នានោះ កម្មវិធីនេះក៏អាចឱ្យបងប្អូនរាយការណ៍ពីករណីសង្ស័យថាជាសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញបានទាន់ហេតុការណ៍ ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកប្រៀបដូចជា «មេរោគ» ដែលនៅជុំវិញខ្លួនយើងជានិច្ច។ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន វានឹងបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងប្រាក់កាស ព្រមទាំងអាចលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន ឬឯកសារសំខាន់ៗ ជាដើម។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវជំរុញការផ្សព្វផ្សាយណែនាំពីរបៀបប្រើប្រាស់កម្មវិធី «KAPEA SCAM» នេះ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីបង្កើតជាផ្ទាំងការពារខ្លួនផង និងគ្រួសារផង ពីការឆបោកគ្រប់រូបភាព សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *