(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-ការពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៥។
២-បទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនិងថវិកាប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ដោយ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
៣-បទបង្ហាញអំពីសេចក្តីព្រាងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
៤-បទបង្ហាញអំពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី។
៥-បទបង្ហាញអំពី សេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ដោយឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
៦-បញ្ហាផ្សេងៗ។

