ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

ភ្នំពេញ ៖ ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធរៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

ពីធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ផ្លូវថ្មើជើងចតុមុខ មានភ្ញៀវទេសចរណ៍មកដើរលេងកំសាន្តប្រមាណ ២០ម៉ឺននាក់នាចុងសប្តាហ៍។ ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកផ្លូវថ្មើជើងចតុមុខធ្វើជាតំបន់ គ្មានផ្សែងបារី គ្មានផលិតផលថ្នាំជក់។ កិច្ចការងារនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីយ៉ាងពិតប្រាកដ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តជាទីក្រុងគ្មានផ្សែងបារី។ ដូច្នេះ ខណ្ឌ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបង្កឡើងពីផ្សែងបារី។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ជា «ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី»។ ការងារនេះមិនចប់ប៉ុណ្ណឹងទេ យើងនឹងបន្តរៀនចំឱ្យមានតំបន់ផ្សេងទៀត ជាទីក្រុងគ្មានផ្សែងបារី។ សមិទ្ធផលនេះ ជាគំរូ ជាកម្លាំងចលករសម្រាប់ខណ្ឌផ្សេងទៀតបន្តរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យក្លាយជាទីក្រុងគ្មានផ្សែងបារីបន្តទៀត។

រាជធាភ្នំពេញ គឺជាច្រកទ្វារ ទទួលភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ហើយក្នុងនោះខណ្ឌដូនពេញ គឺជាតំបន់ទេសចរណ៍ដែលមានរមណីយដ្ឋានទេសចរណ៍យ៉ាងច្រើនដែលមានទាំង រមណីដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ ក៏ដូចជាផ្លូវថ្មើជើងចតុមុខជាដើម។

ចំណែកលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស បានថ្លែងថា ខណ្ឌដូនពេញ គឺជាបេះដូងប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញ ជាទីកន្លែងដែលវប្បធម៌ ពាណិជ្ជកម្ម រដ្ឋាភិបាល សេវាកម្មបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍រួមបញ្ចូលគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *