ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ចុះសួរសុខទុក្ខ និងប្រគល់សម្ភារគ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងនគរបាលការពារព្រំដែនគោក ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់សម្ភារ គ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងនគរបាលការពារព្រំដែនគោក ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត តុប នេត បានសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងវរសនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧, ៨១៥, ៨៩១ និង ៩១១ ព្រមទាំងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៦ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម បណ្ឌិត អគ្គនាយក បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា គ្រប់គ្រង និងថែរក្សា ឧបករណ៍ និងសម្ភារសឹកដែលបានបំពាក់ឱ្យបានល្អប្រសើរ ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត អគ្គនាយក ក៏បានលើកទឹកចិត្តឱ្យកងកម្លាំងបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងតំបន់ឈរជើង ព្រមទាំងយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យម្ហូបអាហារ និងទឹកបរិភោគ ដើម្បីការពារជំងឺដង្កាត់ផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត អគ្គនាយក បាននាំយកសម្ភារ និងថវិកា ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់បងប្អូនមន្ត្រីនគរបាលដែលកំពុងបំពេញភារកិច្ចការពារព្រំដែន។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ការគាំទ្រ និងការលើកទឹកចិត្តចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចដ៏សំខាន់នៅតំបន់ព្រំដែន ព្រមទាំងបញ្ជាក់ពីស្មារតី «ខ្មែរតែមួយ ខ្មែរខ្លាំង» ដែលខ្មែរគ្រប់រូបត្រូវរួមគ្នារក្សាសាមគ្គីភាព ឯកភាព និងជួយគាំទ្រគ្នា ដើម្បីពង្រឹងជាតិ ឱ្យមានភាពរឹងមាំ សុខសន្តិភាព និងការរីកចម្រើន។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល និងសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត និងគណៈប្រតិភូ បានថតរូបអនុស្សាវរីយ៍ជាមួយកងកម្លាំងនគរបាលការពារព្រំដែន ដោយប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងភាពកក់ក្តៅជាបងប្អូនក្នុងគ្រួសារខ្មែរតែមួយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *