ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា បានសហការជាមួយផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង ព្រមទាំងតំណាងអគ្គនាយកដ្ឋានជលផល និងវិទ្យាស្ថានស្រាវជ្រាវវារីជាតិ និងវារីវប្បកម្ម នៃបណ្ឌិតសភាកសិកម្មកម្ពុជា រួមជាមួយក្រុមការងារគម្រោងអច្ឆរិយភាពទន្លេមេគង្គ និងកងកម្លាំងរាជអាវុធហត្ថស្រុកក្រគរ បានចុះអន្តរាគមន៍លែងប្រភេទត្រីកម្រជិតផុតពូជ ១ក្បាល ចូលទៅក្នុងធម្មជាតិវិញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។
ត្រីដែលត្រូវបានលែងនោះគឺជា «ត្រីរាជ» មានទម្ងន់ ៥៦ គីឡូក្រាម និងប្រវែង ១,៦៨ ម៉ែត្រ។ ត្រីកម្រមួយក្បាលនេះ ត្រូវបានប្រជានេសាទឈ្មោះ ឡុក ឆៃលី នេសាទបាននៅចំណុចផ្លូវជ័យ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរជំនាញបានចុះសម្របសម្រួល និងនាំយកត្រីរាជនេះទៅលែងក្នុង «កន្លែងអភិរក្សជលផលជ្រោយស្ដី» ដើម្បីធានាសុវត្ថិភាព និងការរស់នៅបន្តក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។
យោងតាមរបាយការណ៍ពីខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ដើមខែកញ្ញា ឆ្នាំ២០២៦នេះ ខណ្ឌរដ្ឋបាលជលផលខេត្ត បានធ្វើការលែងប្រភេទត្រីកម្រជិតផុតពូជចូលទៅក្នុងធម្មជាតិបានសរុបចំនួន ៤ លើក រួមមានត្រីសរុប ៦ ក្បាល (ត្រីគល់រាំងចំនួន ២ ក្បាល និងត្រីរាជចំនួន ៤ ក្បាល)។ សកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនៃស្មារតីចូលរួមអភិរក្សពីសំណាក់ប្រជានេសាទក្នុងមូលដ្ឋាន និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការថែរក្សាសម្បត្តិធម្មជាតិដ៏កម្ររបស់កម្ពុជា៕

