ខេត្តព្រៃវែង: នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងប្រសាសន៍ ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការនូវ «ខេត្តព្រៃវែង ជាខេត្តទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)»។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសោមនស្សរីករាយឥតឧបមា ចំពោះវត្តមានរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូ អង្គពិធី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្ត ដែលត្រូវបានក្រុមការងារថ្នាក់ជាតិចុះពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃទទួលស្គាល់ខេត្តព្រៃវែង ជាខេត្ត ODF+ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង រួមដៃគ្នាយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រហូតសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់នេះ។
ឯកឧត្តម បានជម្រាបជូនអំពីលក្ខណៈភូមិសាស្ត្រ និងស្ថានភាពទូទៅរបស់ខេត្តព្រៃវែងថា៖
ខេត្តមានផ្ទៃដីសរុប ៣,៤៨៣ គីឡូម៉ែត្រការ៉េ ដោយមានព្រំប្រទល់ជាប់ខេត្តកណ្តាល ត្បូងឃ្មុំ ស្វាយរៀង កំពង់ចាម និងព្រំដែនប្រទេសវៀតណាម។ រដ្ឋបាលខេត្តចែកចេញជា ១ក្រុង, ១២ស្រុក, ១១៦ឃុំ-សង្កាត់ និង ១,១៦៩ភូមិ។
មានប្រជាពលរដ្ឋសរុប ៣០៤,៧០៣គ្រួសារ (ស្មើនឹង ១,១៣០,៨០៦នាក់)។
សេដ្ឋកិច្ចភាគច្រើនផ្អែកលើ វិស័យកសិកម្ម និងសេវាកម្ម។
ខេត្តមានផ្លូវជនបទសរុប ១,៤៩២ខ្សែ ប្រវែង ៣,៦០៦ គីឡូម៉ែត្រ ព្រមទាំងការសម្រេចបាននូវសន្ទុះជឿនលឿនលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដោយគ្រួសារមានទឹកស្អាតប្រើប្រាស់កើនឡើងដល់ ៩៤% និងមានបង្គន់អនាម័យប្រើប្រាស់ ៩៦%។
ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា សមិទ្ធផលទាំងនេះកើតមានឡើងក្រោមការដឹកនាំប្រកបដោយកតញ្ញូ និងឈ្លាសវៃរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

