ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០

(កំពង់ចាម) :លោក ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ គឺជាជំហានដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិរយៈពេលវែង។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុកជើងព្រៃ។

ក្នុងឱកាសនោះ លោក ផេន សុផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកអភិបាលរងខេត្ត បានបន្ថែមថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់គុណភាពនៃដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ព្រោះការអភិវឌ្ឍមូលដ្ឋានដែលមានប្រសិទ្ធភាព មិនអាចកើតឡើងដោយការរៀបចំផែនការរបស់ស្ថាប័នណាតែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួម ការពិគ្រោះយោបល់ ការសម្របសម្រួល និងការរួមបញ្ចូលធនធានពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានបន្តថា តាមរយៈសិក្ខាសាលានេះ យើងមានឱកាសស្តាប់ និងប្រមូលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពិនិត្យ ពិភាក្សា និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ដើម្បីអាចបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ប្រកបដោយភាពប្រាកដប្រជា និងឆ្លើយតបនឹងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *