ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការងារអភិវឌ្ឍន៍ខេត្ត ព្រមទាំងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងការពង្រឹងអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ខ្លឹមសារសំខាន់ៗ និងទិសដៅការងារដែល ឯកឧត្តម អភិបាលខេត្ត បានណែនាំដូចខាងក្រោម ៖
១. ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ៖ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ចោរកម្ម និងក្មេងទំនើង ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ការគ្រប់គ្រងដែនសមត្ថកិច្ច ត្រូវពង្រឹងការល្បាតនៅតាមចំណុចរស៊េីបដែលកំពុង មាន ចាប់ អារម្មណ៍ ក្នុង បណ្តាញ សង្គម និងព្រំប្រទល់រដ្ឋបាល ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗបានទាន់ពេលវេលា។
២. ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ៖ ការការពារព្រៃឈើ និងដីរដ្ឋ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបការកាប់រានព្រៃឈើ ការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ និងបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដោយមិនមានការលើកលែងឡើយ។ កិច្ចសហការ ស្ថាប័ន៖ ជំរុញឱ្យអាជ្ញាធរស្រុក-ក្រុង ជំនាញរុក្ខាប្រមាញ់ និងបរិស្ថាន ចុះពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗចំពោះជនល្មើស។
៣. ការពង្រឹងអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈ ៖ ការផ្តល់សេវាឆាប់រហ័ស និងតម្លាភាព ណែនាំដល់មន្ត្រីរាជការទាំងអស់ត្រូវកែប្រែកាយវិការ និងឥរិយាបថក្នុងការបម្រើរាស្ត្រ ដោយត្រូវផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ (តាមរយៈអង្គភាពច្រកចេញចូលតែមួយ) ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាព។ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ៖ លើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានខិតខំសម្រុះសម្រួល និងដោះស្រាយវិវាទដីធ្លី ឬទំនាស់ផ្សេងៗជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យអស់ពីលទ្ធភាព ដើម្បីកាត់បន្ថយការឡើងទៅកាន់ប្រព័ន្ធតុលាការ។
៤. កិច្ចការងារអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធខេត្ត ៖ ការកសាង និងថែទាំសមិទ្ធផល បន្តជំរុញការកសាង និងជួសជុលផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ អនាម័យ និងបរិស្ថាន ជំរុញឱ្យរៀបចំសណ្តាប់ធ្នាប់ទីប្រជុំជន រៀបចំភ្លើងបំភ្លឺសាធារណៈ ការគ្រប់គ្រងសំរាម និងលើកកម្ពស់សម្រស់ក្រុងស្រុក ក្នុងខេត្ត ពោធិ៍សាត់ ឱ្យក្លាយជាខេត្តដែលមានបៃតង និងមានបរិស្ថានស្អាត។
ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់ថា ជោគជ័យនៃការងារអភិវឌ្ឍន៍ និងអភិបាលកិច្ចល្អ គឺអាស្រ័យលើ «ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការសហការគ្នាជិតស្និទ្ធ» រវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋ និងខេត្តពោធិ៍សាត់ជាធំ៕

