ខេត្តពោធិ៍សាត់ ធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គផ្សព្វផ្សាយអនុសញ្ញា CEDAW និងអនុសាសន៍ ១២ចំណុច របស់សម្តេចបវរធិបតី ជូនដល់មន្ត្រីសាធារណការ មកពី៨ខេត្ត

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំ «វគ្គផ្សព្វផ្សាយអំពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសាសន៍ ១២ចំណុច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងច្បាប់ពាក់ព័ន្ធ» នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន មកពីខេត្តចំនួន៨ (ពោធិ៍សាត់ កំពង់ស្ពឺ បាត់ដំបង ប៉ៃលិន ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ) សរុបចំនួន៧៥នាក់។

ថ្លែងក្នុងប្រសាសន៍ស្វាគមន៍ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានសម្តែងនូវកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលខេត្តពោធិ៍សាត់ត្រូវបានជ្រើសរើសជាទីតាំងរៀបចំវគ្គផ្សព្វផ្សាយដ៏មានសារសំខាន់នេះ។

លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិនារី តាមរយៈយន្តការសកម្មនានានៅថ្នាក់ក្រោមជាតិ ព្រមទាំងបានរំលេចអំពីសមិទ្ធផល និងសក្តានុពលហេដ្ឋារចនាសម្ព័ន្ធធំៗក្នុងខេត្ត ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងប្រសាសន៍បើកវគ្គផ្សព្វផ្សាយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅ។ លោកជំទាវបានលើកឡើងថា ការរៀបចំវគ្គផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់៖

*ក្នុងការបញ្ជ្រាបការយល់ដឹងអំពីអនុសញ្ញាអន្តរជាតិ ស៊ី-ដ (CEDAW) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

*ជំរុញការអនុវត្តអនុសាសន៍ ១២ចំណុច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្កើនកលានុវត្តភាព និងសុវត្ថិភាពសម្រាប់ស្ត្រី។

*ពង្រឹងសមត្ថភាពផ្លូវច្បាប់ និងកសាងបណ្តាញទំនាក់ទំនងយេនឌ័រ រវាងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ស្របតាមទិសដៅ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រសោបយកចំណេះដឹង បទពិសោធន៍ និងទស្សនទានល្អៗពីវាគ្មិន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើង។ ត្រូវនាំយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់មន្ត្រីរាជការនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បបង្កើតឱ្យមានការយល់ដឹងជាទូទៅ។ ជាមួយគ្នានោះ ត្រូវរួមគ្នាលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី និងកុមារ ដោយត្រូវបង្កើតបរិយាកាសការងារប្រកបដោយការគោរព សមភាព និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកនៅក្នុងស្ថាប័នរដ្ឋ និងសង្គមជាតិទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *