អភិបាលខេត្តពោធិ៍សាត់ ត្រួតពិនិត្យការច្នៃផលិតលូតូចៗ និងការរៀបចំដាំដើមឈើ-ផ្កា ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលកូនឈើ និងដើមផ្កាជាច្រើនប្រភេទ ដែលជាអំណោយផ្ផ្តល់ជូនជាបន្តបន្ទាប់ពីសំណាក់ក្រសួងបរិស្ថាន សម្រាប់យកមកដាំលម្អ និងបង្កើនគម្របបៃតងក្នុងខេត្តនាពេលខាងមុខ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញពិនិត្យមើលការច្នៃផលិតលូតូចៗសម្រាប់ដាំផ្កា ដើម្បីត្រៀមរៀបចំលម្អតាមទីសាធារណៈ និងដងផ្លូវនានា ឱ្យកាន់តែមានសោភ័ណភាព និងទាក់ទាញ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវក្តីរំភើប និងរំលឹកពីអនុស្សាវរីយ៍កាលពី ១៦ឆ្នាំមុន ពេលដែលឯកឧត្តមកំពុងបំពេញតួនាទីជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ដោយបានដាំដើមឈើមួយដើមដោយផ្ទាល់ដៃ ទុកជាអនុស្សាវរីយ៍នៅក្នុងបរិវេណសាលាខេត្ត។
មកដល់ពេលនេះ ដើមឈើនោះបានលូតលាស់ធំធាត់ ផ្តល់ម្លប់យ៉ាងត្រជាក់ត្រជុំ និងជាសាក្សីនៃស្មារតីស្រឡាញ់ធម្មជាតិដែលបានបណ្តុះតាំងពីយូរណាស់មកហើយ។
ការចុះពិនិត្យ និងការរៀបចំផែនការដាំដើមឈើបន្ថែមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការអភិវឌ្ឍក្រុងឱ្យក្លាយជាទីក្រុងបៃតង មានបរិស្ថានស្អាត និងខ្យល់អាកាសបរិសុទ្ធ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *