អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ បន្តចុះដោះស្រាយបញ្ហាដីធ្លី និងសួរសុខទុក្ខពលរដ្ឋរងគ្រោះរាំងស្ងួតជាង ១,៤០០គ្រួសារ នៅស្រុកតាលោសែនជ័យ❗​

ពោធិ៍សាត់:  ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។

ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ រស់នៅភូមិឆ្នាល់មាន់ និងភូមិត្រយ៉ងស ឃុំតាលោ ដែលបានវាស់វែងដីធ្លីរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ដោយសារទីតាំងដីទាំងនោះមានការពាក់ព័ន្ធ នឹងតំបន់បឹងបួររបស់រដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលទិដ្ឋភាពច្បាប់ និងជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។

បន្ទាប់មក ឯកឧត្តម ខូយ រីដា បានបន្តអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ ១,៤០០គ្រួសារ មកពីភូមិតាំងគោក ភូមិសំសាន្ដ ភូមិថ្មី ភូមិព្រៃកន្ទួត និងភូមិប្រហាល ដែលបានជួបជុំគ្នានៅក្នុងបរិវេណវត្តបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ដើម្បីស្វែងយល់ និងវាយតម្លៃពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃគ្រោះរាំងស្ងួតនាពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋអស់ប្រមាណ ៦,៥ដើមហិកតា។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ផលដំណាំស្រូវ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាឱ្យមន្ទីរកសិកម្ម និងអាជ្ញាធរស្រុក រៀបចំផែនការអន្តរាគមន៍ជាបន្ទាន់ រួមមានការរំដោះទឹក និងការត្រៀមលក្ខណៈជួយស្តារឡើងវិញនូវដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

default
default

default
default
default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *