(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ និងការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ រួមនិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។ ឯកឧត្តម ថ្លែងបែបនេះក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ២០២៦ ស្ថិតនៅមន្ទីរផែនការខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានខិតខំជំរុញការអភិវឌ្ឍន៍ លើកទឹកចិត្ត ដល់ការវិនិយោគរបស់វិស័យឯកជន និងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ច ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខេត្តកំពង់ចាម ត្រូវការចំណូលផលិតផលក្នុងស្រុកសរុប ក្នុងរង្វង់ ៥,០០០ លានដុល្លារ ដែលប្រជាជនម្នាក់ៗទទួលបានចំណូលក្នុងរង្វង់ ៤,០០០ដុល្លារក្នុងមួយឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥កន្លងទៅខេត្តកំពង់ចាម មានកំណើនសេដ្ឋកិច្ច ៦,១% មានទំហំសេដ្ឋកិច្ច ៣,០៧៦លានដុល្លា។ សេដ្ឋកិច្ច របស់ខេត្តកំពង់ចាម បានមកពីវិស័យ ៣សំខាន់ៗគឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត វិស័យឧស្សាហ៍កម្ម មានចំណែកប្រមាណ ៣៣.៤%នៃសេដ្ឋកិច្ចខេត្ត វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦%នៃសេដ្ឋកិច្ចខេត្ត និងមានចំណូលជាមធ្យមសម្រាប់ មនុស្សម្នាក់ៗ (GDP) ចំនួន ២,៨៣២ដុល្លាអាមេរិក៕

