រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារសម្រាកព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកកណ្តៀង

ពោធិ៍សាត់ ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធី «បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារសម្រាកព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកកណ្តៀង» ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីសុខាភិបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។

យោងតាមរបាយការណ៍ របស់លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកកណ្តៀង ពីមុនជាអតីតពេទ្យស្រុក (១៩៩៣-១៩៩៨) បានកែសម្រួលជាមណ្ឌលសុខភាព (១៩៩៨-២០២៣) និងត្រូវបានដំឡើងកម្រិតជាមន្ទីរពេទ្យបង្អែកកម្រិត១ ក្នុងឆ្នាំ២០២៣។ បច្ចុប្បន្នមន្ទីរពេទ្យនេះផ្តល់សេវាថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលមានប្រជាជនសរុបជាង១៤ម៉ឺននាក់ និងមន្ត្រីសុខាភិបាលសរុប២៦នាក់។

សម្រាប់គម្រោងសាងសង់ «អគារសម្រាកព្យាបាលជំងឺទូទៅ» ថ្មីនេះ មានទំហំ ២០ម៉ែត្រ៤០ម៉ែត្រ, កម្ពស់០៣ជាន់ (រាប់ទាំងជាន់ផ្ទាល់ដី),ឧបត្ថម្ភដោយថវិកាជាតិ (គម្រោងវិនិយោគផ្ទាល់) តាមរយៈក្រសួងសុខាភិបាល, សាងសង់ដោយក្រុមហ៊ុន KH-Infra Development Co.,Ltd និងគ្រោងបញ្ចប់ក្នុង ខែកញ្ញា ឆ្នាំ២០២៧ខាងមុខ។

អគារថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាពិនិត្យ ថែទាំព្យាបាលជំងឺទូទៅ និងជាពិសេសការសម្រាលកូន និងថែទាំម្តាយមុន និងក្រោយសម្រាល ដែលជួយកាត់បន្ថយអត្រាប្រឈម និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *