ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយលើប្រធានបទ «ស្តីពីតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលិខិតបទដ្ឋានជាតិ-អន្តរជាតិ លើការងារបង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្ម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់៖ លោកជំទាវ ជឹម សាវីន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ។ លោកស្រី ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។
អង្គពិធីទាំងមូល មានសមាសភាពចូលរួមសរុបប្រមាណ ៣០០ រូប រួមមាន៖ គណៈប្រតិភូអមដំណើរ, ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ស្នងការ និងស្នងការរងនគរបាលខេត្ត, មេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ប្រធាន និងអនុប្រធានពន្ធនាគារខេត្ត, ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាល នាយក-នាយករងរដ្ឋបាល និងប្រធានការិយាល័យពាក់ព័ន្ធនៃក្រុង-ស្រុកទាំង១៣, មេឃុំ-ចៅសង្កាត់, អធិការនគរបាលក្រុង-ស្រុក, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព យល់ដឹងបន្ថែមអំពីច្បាប់ លិខិតបទដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងបញ្ជាក់ឱ្យកាន់តែច្បាស់នូវតួនាទី ភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្ម ឬការប្រព្រឹត្តបែបអមនុស្សធម៌ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។

