ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ ពិសេសនៅពេលរាត្រី

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់នូវវិធានការម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញ ព្រោះមានតែវិធានការនេះទេ ទើបមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅពេលយប់តែម្ដង។

បច្ចុប្បន្ននេះករណីគ្រោះថ្នាក់ចរាចរណ៍ កំពុងតែបន្ដក្លាយជាបញ្ហាប្រឈមខ្ពស់របស់សមត្ថកិច្ចជំនាញ ខណៈអត្រាគ្រោះថ្នាក់នៅតែបន្ដកើនឡើងបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ។

ក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹងបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាដល់កម្លាំងជំនាញត្រូវប្រើប្រាស់វិធានការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ឲ្យដើរទន្ទឹមគ្នាជាមួយវិធានការអនុវត្តរឹងបន្ដឹងច្បាប់។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត, កម្លាំងនគរបាលអនុវត្តច្បាប់ត្រូវចេះបត់បែន និងប្រើប្រាស់កាយវិការពាក្យសម្ដីឲ្យបានសមរម្យ (ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់) ទៅកាន់ប្រជាពលរដ្ឋ និងកំណត់បទល្មើសឲ្យបានច្បាស់លាស់ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ និងមានស្មារតីគោរពច្បាប់ ជាងខ្លាចនគរបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ យល់ឃើញទៀតថា កត្តាមួយទៀតដែលជាចំណែកសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺស្មារតីនៃការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ព្រោះនគរបាលចរាចរណ៍មិនអាចឈរជាប់នៅគោលដៅរឹតបន្ដឹងច្បាប់ចរាចរណ៍២៤ម៉ោងនោះឡើយ។ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលរាជធានី ខេត្ត សូមចាត់ទុកការងារសុវត្ថិភាពចរាចរណ៍នេះជាអាទិភាព សំដៅដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ១៥ថ្ងៃ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១,៥៩០លើក កើនឡើង២៣៧លើក បើធៀបឆ្នាំ២០២៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន៩៨៦នាក់ កើន១០៩នាក់ និងរងរបួសចំនួន២,៣០២នាក់ កើន៤៣០នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *