ព្រៃវែង ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះ ៤ខ្នងផ្ទះ (ទំហំ ៤មx៦ម) ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ បង្គន់អនាម័យ និងអំណោយមនុស្សធម៌ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងស្រុកផ្តល់ជូនដល់គ្រួសារក្រីក្រ ០១គ្រួសារ នៅឃុំកោះចេក ស្រុកពាមជរ និងគ្រួសារចាស់ជរាឥតទីពឹង ០១គ្រួសារ នៅឃុំព្រែកខ្សាយ(ខ) គ្រួសាររងហានិភ័យ ០២គ្រួសារ នៅឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាខាស្រុក ក៏បានផ្ដល់ជូនបន្ថែមនូវថវិកា កង់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបានឧបត្ថម្ភថវិកា ដល់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាពនារដូវវស្សានេះដើម្បីចៀសផុតពីជំងឺគ្រុនឈាម ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន៕

