បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យច្បាស់លាស់មានការប្តេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន និងគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចបវរធិបតី នៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាទស្សនាទានមួយថ្មីដែលនឹងធ្វើការផ្លាស់ប្តូរបន្តិចម្តងៗពីការគ្រប់គ្រងមុខងារសាធារណៈតាមប្រព័ន្ធអាជីព ទៅរកការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម តាមប្រព័ន្ធនិយោជន៍សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដើម្បីធានាថា អង្គភាពសាធារណៈរបស់រដ្ឋនៅតាមមូលដ្ឋានមានចំនួនមន្ត្រីបម្រើការងារគ្រប់គ្រាន់ ប្រកបដោយគុណវុឌ្ឍិ និងមានសមត្ថភាពជំនាញស្របតាមស្តង់ដារ ឬនិយាមវិជ្ជាជីវៈក្នុងការផ្តល់សេវាសាធារណៈ និងធានាឱ្យប្រជាជនខ្មែរទទួលបានសេវាសាធារណៈនៅតាមមូលដ្ឋានប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ថ្លែងបន្ថែមថា ខេត្តបាត់ដំបងមានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន១,០៧៤នាក់ កំពុងបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សា និងមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន១៦នាក់ កំពុងបម្រើការងារនៅតាមមណ្ឌលសុខភាព។
ឯកឧត្តម សង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលត្រូវបានរៀបចំ និងអនុវត្តតាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចមហាបវរធិបតី ក្រសួងមុខងារសាធារណៈដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានពិនិត្យឃើញនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធអត្ថប្រយោជន៍ និងការវិវត្តអាជីពរបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាត់តាំងក្រុមការងារបច្ចេកទេសដែលដឹកនាំដោយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ ក្នុងការដឹកនាំ និងសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលត្រូវបានជ្រើសរើស និងការអនុវត្តការងារក្នុងមុខតំណែងរបស់ខ្លួន ស្របតាមកិច្ចព្រមព្រៀងការងារដែលមានការចុះហត្ថលេខាដោយផ្ទាល់ពីមន្រ្តី និងប្រធានអង្គភាព ដែលជាយន្តការរួមមួយដែលមានលក្ខណៈបត់បែន ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាព ជួបពិភាក្សា និងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ នីតិវិធីក្នុងការត្រួតពិនិត្យលើការបំពេញការងារ វាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ និងចុងក្រោយបំផុត គឺការសម្រេចចិត្តរបស់ប្រធានអង្គភាពក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មរបស់មន្រ្តីម្នាក់ៗ។ ប្រធានអង្គភាពនីមួយៗ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម របស់រាជរដ្ឋាភិបាលដើម្បីវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់រួមទាំងការផ្តល់ការលើកទឹកចិត្តប្រចាំខែនិងប្រចាំឆ្នាំ។
ឯកឧត្តមអភិបាលខេត្ត មើលឃើញថា សិក្ខាសាលាផ្សព្វផ្សាយនាវេលានេះ គឺការផ្តល់ចំណេះដឹងបន្ថែមកាន់តែរឹងមាំ និងស៊ីជម្រៅ ក៏ដូចជាការប្រមូលនូវធាតុចូល និងបញ្ហាប្រឈមផ្សេងៗ ដែលអ្នកពាក់ព័ន្ធទាំងអស់បានជួបប្រទះក្នុងការគ្រប់គ្រង និងចាត់ចែងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារទាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្នុងន័យនេះឯកឧត្តមលើកទឹកចិត្តដល់អង្គសិក្ខាសាលាទាំងមូលចូលរួមមតិយោបល់ និងសាកសួររាល់ចម្ងល់ទាំងឡាយដែលពាក់ព័ន្ធនឹងប្រធានបទឱ្យបានផុសផុលដើម្បីជាប្រយោជន៍នៃការផ្តល់សេវាសាធារណៈ និងការអនុវត្តស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

