ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងរដ្ឋបាលស្រុកស៊ីធរកណ្ដាល បានសហការជាមួយសមាគមសប្បុរសធម៌ កឹង យៀន និងមូលនិធិក្រុមគ្រូពេទ្យចិត្តសប្បុរស “ប៉ាយសួយឡាវយិន កម្ពុជា” បានរៀបចំពិធីពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យព្រែកសណ្ដែក ស្ថិតក្នុងឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសសមាគមសប្បុរសធម៌ កឹង យៀន និងមូលនិធិក្រុមគ្រូពេទ្យចិត្តសប្បុរស “ប៉ាយសួយឡាវយិន កម្ពុជា” ដែលបានលះបង់កម្លាំងកាយ ចិត្ត និងធនធាន ក្នុងការចុះមកផ្តល់សេវាថែទាំសុខភាព ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្តាល សរុបប្រមាណជាង ១.២០០នាក់ ដល់មូលដ្ឋានផ្ទាល់។
ការរៀបចំកម្មវិធីនេះឡើង គឺដើម្បើរួមចំណែកជួយសម្រាលជីវភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈ និងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាល៕

