ពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុកបាកាន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្ទាល់ដល់ទីតាំងស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលនៅតែរងគ្រោះរាំងស្ងួត ជាងតំបន់ដទៃទៀត មិនទាន់មានទឹកគ្រប់គ្រាន់ស្ថិតនៅក្នុងភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសអញ្ជើញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងបារម្ភយ៉ាងខ្លាំងចំពោះជីវភាព និងផលដំណាំរបស់បងប្អូនប្រជាកសិករ។
ដើម្បីឆ្លើយតបចំពោះបញ្ហាចំពោះមុខនេះ ឯកឧត្តម អភិបាលខេត្ត បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យចាត់វិធានការ បើកទ្វារទឹកទំនប់ទី៣ ជាបន្ទាន់ ដើម្បីរុញ និងបញ្ជូនប្រភពទឹកឱ្យមកដល់តំបន់រងគ្រោះនេះ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋឱ្យផុតពីការខូចខាត៕

