ខេត្តព្រៃវែង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ១ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ផ្តល់ជូនផ្តល់ជូនដល់ចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំរាធរ និងគ្រួសាររងហានិភ័យ ១គ្រួសារ នៅឃុំកំពង់សឹង ក្នុងស្រុកព្រះស្តេ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម-គ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ៧៨នាក់ ស្រី ៥៦នាក់។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែមរួមមាន៖
-ព្រះឃោសាភិបាល យឿន រ៉ាន ព្រះគ្រូចៅអធិការវត្តសាលា និងព្រះគ្រូចៅអធិការ ៥វត្តទៀត(វត្តហារ វត្តសទ្ធា វត្តសទ្ធា វត្តទូលថោង វត្តទូលថោង និងវត្តប្រាសាទប្រាំល្វែង) សម្ភារៈផ្តល់ជូនបន្ថែមសរុបរួមមាន៖ អង្ករ ៤៥០គ.ក មី ១០កេស ត្រីខ ២យួរ ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ ទឹកក្រូច ៤កេស សម្ភារៈដំណេក ២ឈុត សម្ភារៈផ្ទះបាយ ២ឈុត ដោយឡែកគ្រួសារនៅឃុំរាធរ ទទួលបានថវិកាចំនួន ៥៤០,០០០រៀល។
-សាខាខេត្ត៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។
-សាខាខេត្ត បានឧបត្ថម្ភកង់ ជូនដល់កូនៗ និងចៅៗ របស់គ្រួសារទទួលផលផ្ទះ នៅឃុំរាធរ ១គ្រឿង និងឃុំកំពងសឹង ១គ្រឿង ដើម្បីធ្វើដំណើរទៅមកសាលារៀន។
-ឯកឧត្តម ជឹម សុខ និងលោកជំទាវ សំ ចន្ថា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមដល់គ្រួសាររងហានិភ័យ នៅឃុំកំពង់សឹង ចំនួន ៤០០,០០០រៀល។
សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ចូលរួមក្នុងកម្មវិធីផងដែរ។ គណៈកម្មាធិការសាខាខេត្ត និងក្រុមការងារអនុសាខាស្រុក បានដាំដើមឈើ ទុកជាអនុស្សាវរីយ៍ នៅបរិវេណផ្ទះគ្រួសារទទួលផល សរុបចំនួន ៨ដើម(ដើមខ្នុរ ២ដើម ដើមចេក ២ដើម និងដើមដូង ៤ដើម)។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៦ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៨០ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២៣៤បង្គន់។

