ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ”

(កំពង់ចាម) ព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ​ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” ដើម្បីធ្វើបទបង្ហាញជូនដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, សាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ” ដែលរៀបចំធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាពេលនេះ។

នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន ឯកឧត្តម ហុី សោភា ជាប្រធាន ដែលបានរៀបចំឲ្យមានជាសិក្ខានេះ ជូនដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ ក្នុងខេត្តកំពង់ចាម ទុកជាធាតុចូល និងដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយចីរភាព។

ក្នុងនាមឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ, ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូ បានលើកឡើងថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។ ក្នុងដំណើរការអនុវត្តជាក់ស្តែង ការបន្សាំបន្ស៊ីគ្នា នៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។

ឯកឧត្តម ថ្លែងបន្តថា ទាក់ទងនឹងការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា “ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមាន (ភាពសុខដុមរមនាក្នុងសង្គម) ” ដោយឯកឧត្តមប្រធានក៏បានលើកឡើងអំពីពិសោធន៍នៃការធ្វើទំនើបកម្មរបស់បណ្តាប្រទេសមិនទាន់រីកចម្រើន ពិសេសប្រទេសនៅអាស៊ី ដែលទទួលយក និងអនុវត្តតាមគំរូនយោបាយអភិវឌ្ឍរបស់បស្ចិមប្រទេស ជាការសង្កេតទូទៅ ប្រទេសទាំងនោះ តែងមានការបម្រុងទុកមួយ គឺ “ ទទួលយកនយោបាយទំនើប តែមិនឱ្យបាត់ប្រពៃណីទំនៀមទម្លាប់បុរាណ ” ដែលជាព្រលឹងជាតិរបស់គេ។ ប្រទេសទាំងនោះ មានជំហរដូចនេះ អាស្រ័យដោយប្រទេសទាំងនោះមានអារ្យធម៌បុរាណ ដែលជាមោទនភាពជាតិ។ ដូច្នេះផ្អែកលើបទពិសោធន៍នេះ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣៖ កត្តាមោទនភាពជាតិ, កត្តាសុខដុមនីយកម្មសង្គម, និងកត្តាឥទ្ធិពលនៃជំនឿផ្សេងៗ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ។ ក្នុងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញនេះ ពិសេសក្រោយប្រទេសជាតិសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញនិងដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់ ដើម្បីបន្តប្រតិបត្តិរដ្ឋធម្មនុញ្ញនេះ ជាអាទិ៍ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, សិទ្ធិមនុស្ស, នីតិរដ្ឋ, និង សេដ្ឋកិច្ចទីផ្សារ។

ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល ៣០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ដែលរួមមាន ៖
១-កម្ពុជារក្សាការពារ និងគោរពលើកតម្កើង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ ការបង្កើតឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ ដែលមានអង្គព្រះមហាក្សត្រគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ និង ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
២-លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗ។
៣-កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
៤-កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ជារដ្ឋគោរពការពាររបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម៖ ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *