អភិបាលខេត្តបាត់ដំបង អញ្ជើញពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តកង្ហត និងការបន្តអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករ

បាត់ដំបង៖នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតក្នុងស្រុកបាណន់ និងទំនប់ស្ទាក់ទឹកមួយចំនួនដើម្បីបន្តអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា ដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅទូទាំងខេត្តបាត់ដំបងមានចំនួនប្រមាណ១១ម៉ឺនហិកតា ហើយរហូតមកដល់ពេលនេះការអន្តរាគមន៍សង្រ្គោះសម្រេចបានជិត៧ម៉ឺនហិកតា និងកំពុងបន្តសង្រ្គោះបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ប្ដេជ្ញាបន្តអន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវឱ្យអស់លទ្ធភាព និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព។

ឯកឧត្តម ស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករនៅផ្នែកខាងលើដែលបានទទួលទឹកហើយ មេត្តាផ្អាកបូមទឹកសិន ដើម្បីបញ្ជូនបន្តទៅផ្នែកខាងក្រោមដែលកំពុងខ្វះទឹក។

ជាមួយគ្នានោះ ប្រជាកសិករបានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានចុះផ្ទាល់អន្តរាគមន៍បញ្ជូនទឹកជួយសង្រ្គោះស្រូវ។
ប្រជាកសិករ មើលឃើញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិតជាបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការជួយសង្រ្គោះស្រូវរបស់ពួកគាត់អស់ពីលទ្ធភាព។

សូមជម្រាបថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាកសិករ និងពិនិត្យការបែងចែកទឹកសង្រ្គោះស្រូវជាបន្តបន្ទាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *