រដ្ឋបាលខេត្តពោធិ៍សាត់ ប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រតិបត្តិករអគ្គិសនី ដែលបានចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវជាតិលេខ ៥

(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧ នៅសាលបន្ទប់ថ្មកែវ សាលាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រតិបត្តិករអគ្គិសនី ដែលបានចូលរួមជីករណ្ដៅ និងដាំបង្គោលភ្លើងបំភ្លឺតាមបណ្តាក្រុង-ស្រុក នៃគម្រោងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) តាមដងផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង។

លោក ពៅ ពិសិដ្ឋ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត លោកសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ និងវប្បធម៌នៃការចែករំលែករបស់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រតិបត្តិករអគ្គិសនីទាំងអស់។ ការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជីករណ្ដៅ និងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវជាតិលេខ ៥នេះ មិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាព និងធានារ៉ាប់រងលើសន្តិសុខ សុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសហការដ៏ល្អរវាងរដ្ឋបាលសាធារណៈ និងវិស័យឯកជន ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

រដ្ឋបាលខេត្តពោធិ៍សាត់ សូមចងចាំទុកនូវទឹកចិត្តដ៏ថ្លៃថ្លានេះ ហើយសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងបន្តកិច្ចសហការគាំទ្រលើកិច្ចការងារមនុស្សធម៌ និងការអភិវឌ្ឍខេត្តយើងបន្តទៀត។

បញ្ជីឈ្មោះសប្បុរសជន និងស្ថាប័នដែលទទួលបានលិខិតថ្លែងអំណរគុណ៖
១. លោក ឈួ ងួន ប្រធានសហគ្រាស ឈួ ងួន អេឡិកត្រីស៊ីធី ដែលបានចូលរួមជីករណ្ដៅបង្គោលភ្លើងក្នុងភូមិសាស្ត្រឃុំបឹងខ្នារ នៃគម្រោងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវជាតិលេខ ៥។
២. លោក ទឹម ទូច ប្រធានសហគ្រាស យេនយូឡាយ អេឡិកត្រីស៊ីធី ដែលបានចូលរួមជីករណ្ដៅបង្គោលភ្លើងក្នុងភូមិសាស្ត្រឃុំត្រពាំងជង នៃគម្រោងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវជាតិលេខ ៥។
៣. លោកស្រី យឹម ណារ៉េត ប្រធានសហគ្រាស ណារ៉េត លីមីតធីត អភិវឌ្ឍន៍អគ្គិសនី ដែលបានចូលរួមជីករណ្តៅ និងដាំបង្គោលភ្លើងក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ នៃគម្រោងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវជាតិលេខ ៥។
៤. លោក យ៉ា សម្បត្តិ ប្រធានសហគ្រាស យ៉ា សម្បត្តិ អេឡិកត្រីស៊ីធី ដែលបានចូលរួមជីករណ្ដៅបង្គោលភ្លើងក្នុងភូមិសាស្ត្រឃុំស្វាយដូនកែវ នៃគម្រោងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវជាតិលេខ ៥។
៥. លោក ព្រាប វណ្ណារ៉េត ប្រធានក្រុមហ៊ុន ព្រាប វណ្ណារ៉េត ឯ.ក ដែលបានចូលរួមជីករណ្តៅ និងដាំបង្គោលភ្លើងក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង នៃគម្រោងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវជាតិលេខ ៥។
៦. លោក យក់ សាវង្ស ប្រធានក្រុមហ៊ុន អេស វីវី ធី អេឡិកត្រីស៊ីធី ខូអិលធីឌី ដែលបានចូលរួមជីករណ្តៅ និងដាំបង្គោលភ្លើងក្នុងភូមិសាស្ត្រស្រុកក្រគរ នៃគម្រោងដាំបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យតាមដងផ្លូវជាតិលេខ ៥។
៧. លោក លឹម ប៉ាក់ ប្រធានអគ្គិសនី លឹម ប៉ាក់ ដែលបានជួយដំឡើង និងភ្ជាប់ចរន្តអគ្គិសនីចូលតាមគេហដ្ឋានថ្មីរបស់អតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិដំណាក់ទ្រយឹងសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជាចុងបញ្ចប់ លោក ពៅ ពិសិដ្ឋ ក៏បានជូនពរជ័យសិរីសួស្តី មហាប្រសាទទសបរបរខេត្ត និងសូមប្រសិទ្ធពរជ័យជូនចំពោះលោក លោកស្រី និងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Ti Amo (ពស)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *