(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
លែងមានហើយបំរាមសម្រាប់ការចាកចេញក្រៅប្រទេស ពោលនៅពេលនេះ លោក កឹម សុខា អាចធ្វើដំណើរចាកចេញក្រៅប្រទេសបានហើយ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ លោក កឹម សុខា ទទួលបានការលើកលែងទោសម្តងរួចមកហើយ។ តែប្រោសព្រះរាជទានទោសកាលនោះ គឺសម្រាប់តែការជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំប៉ុណ្ណោះ តែទោសហាមឃាត់ចេញក្រៅប្រទេស និងការហាមឃាត់ធ្វើនយោបាយ មិនត្រូវបានលើកលែងនោះឡើយ។
តែព្រះរាជទានលើកលែងទោសនៅថ្ងៃទី២៤ ខែកក្កដា ដោយមានការទូលថ្វាយពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ព្រះមហាក្សត្រ បានបញ្ចប់ការហាមឃាត់សម្រាប់ការចេញទៅក្រៅប្រទេស។ ដូច្នេះនៅពេលនេះ លោក កឹម សុខា នៅតែទោសមួយទៀតប៉ុណ្ណោះ គឺទោសហាមឃាត់ធ្វើនយោបាយ៕

