ខេត្តព្រៃវែង៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាខេត្ត ជូនដល់ស្ត្រីមេម៉ាយ ១គ្រួសារ នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង និងគ្រួសាររងហានិភ័យ ចំនួន ១គ្រួសារ នៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
បន្ថែមពីនេះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនឈាម-គ្រុនឈីក និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
ចំពោះសម្ភារៈគ្រឿងផ្ទះ និងបង្គន់អនាម័យ ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជាគ្រួសាររងហានិភ័យ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្ត និងក្រុមការងារ ក៍បានដាំដើមឈើហូបផ្លែ នៅទីធ្លាផ្ទះ របស់គ្រួសារទទួលផលផងដែរ។
ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម-គ្រុនឈីក សុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ៦៨នាក់ ស្រី ៤១នាក់។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។
-អនុសាខាស្រុកពោធិ៍រៀង បានផ្តល់ជូនសម្ភារៈបន្ថែមរួមមាន៖ ធុងចម្រុះទឹក ១។
-អនុសាខាស្រុកពារាំង បានឧបត្ថម្ភថវិកាបន្ថែមចំនួន ១០០,០០០រៀល និងសារុង ក្រមាជូនអ្នកចូលរួមផងដែរ។
សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកយាយលោកតា ចូលរួមក្នុងកម្មវិធីផងដែរ។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៧៥ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២៣០បង្គន់។

