(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំអភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) បន្ទប់វីដេអូConference សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖
១. សេចក្តីព្រាងរបាយការណ៍ ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
២. របាយការណ៍វឌ្ឍនភាព នៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូត អែលនីញ៉ូ។
៣. របាយការណ៍វឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
៤. បញ្ហាផ្សេងៗ ។

