មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចុះសិក្សាស្វែងយល់អំពីការប្រកបមុខរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ ការចិញ្ចឹមត្រី ការដាំបន្លែ នៅក្នុងស្រុកពាមរក៏ និងស្រុកពាមជរ

ព្រៃវែង៖ ដើម្បីពង្រឹង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចុះទស្សនកិច្ចសិក្សា ការចិញ្ចឹមត្រី នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប-បាទី ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ និងបន្ដដំណើរទៅកាន់សហគមន៍អភិវឌ្ឍកោះចេក និងភូមិគំរូកោះពាមរាំង(ការដាំបន្លែសុវត្ថិភាព) ដែលស្ថិតនៅស្រុកពាមជរ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៦។

​នៅក្នុងបេសកកម្មចុះផ្ទាល់ដល់មូលដ្ឋាននាឱកាសនោះ ឯកឧត្ដម បានសាកសួរទុក្ខធុរៈ និងជជែកពិភាក្សាយ៉ាងស្និតស្នាលជាមួយប្រជាកសិករ និងអាជីវករ។ ការចុះសិក្សានេះ មានគោលបំណងសំខាន់ៗដូចជា ស្វែងយល់ពីស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មានជុំវិញការប្រកបមុខរបរប្រចាំថ្ងៃ បច្ចេកទេសក្នុងការដាំដុះបន្លែ និងការចិញ្ចឹមត្រីរបស់សហគមន៍។ ស្តាប់នូវសំណូមពរ បញ្ហាប្រឈមផ្នែកទីផ្សារ ថ្លៃដើមផលិតកម្ម ព្រមទាំងប្រភពទុនសម្រាប់ពង្រីកអាជីវកម្ម។ ប្រមូលទិន្នន័យដើម្បីយកទៅរៀបចំគោលនយោបាយ និងយន្តការគាំទ្រផ្នែកសេដ្ឋកិច្ច ឲ្យកាន់តែចំគោលដៅ និងមានប្រសិទ្ធភាព សំដៅបង្កើនប្រាក់ចំណូលជូនគ្រួសារកសិករ។

​តំណាងប្រជាពលរដ្ឋនៅស្រុកពាមរក៏ និងស្រុកពាមជរ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់ និងចុះមកជួបផ្ទាល់ដល់មូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់។

​គួរបញ្ជាក់ផងដែរថា ការចុះសិក្សាស្វែងយល់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់ផលិផលក្នុងស្រុក ការបង្កើតការងារ និងការជួយឲ្យប្រជាកសិករមានស្ថេរភាពប្រាក់ចំណូលប្រកបដោយចីរភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *