ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំអាជីវករទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់។
ការណែនាំរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញចុះពិនិត្យនូវស្ថានភាពទូទៅ និងការលក់ដូររបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយច្រាំងស្ទឹងត្រើយខាងលិច ចាប់ពីចំណុចស្ពានថ្មចាស់ រហូតទៅដល់ស្ពានដែកផ្លូវរទេះភ្លើង ស្ថិតនៅក្រុងពោធិ៍សាត់ ដែលទើបនឹងត្រូវបានកែលម្អ និងចាក់ដីពង្រីកបន្ថែមរួចរាល់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាពការងារ ការចាក់ដីពង្រីក និងកែលម្អសោភ័ណភាពតាមបណ្តោយច្រាំងស្ទឹង រៀបចំសណ្តាប់ធ្នាប់សាធារណៈ រៀបចំទីតាំងលក់ដូរជូនបងប្អូនអ្នកលក់ដូរ ឱ្យមានរបៀបរៀបរយ ជៀសវាងការរំលោភយកចិញ្ចើមផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពក្រុង និងប្រែក្លាយតំបន់នេះទៅជាចំណុចទាក់ទាញថ្មីមួយ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរមកលម្ហែកាយ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារដែលបានខិតខំកែលម្អតំបន់នេះឡើង។ ជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវ និងណែនាំដល់បងប្អូនអាជីវករទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យ បរិស្ថាន ទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ និងលក់ដូរដោយរក្សាសណ្តាប់ធ្នាប់ល្អ ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ ឱ្យកាន់តែស្រស់បំព្រងទ្វេឡើង។
គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អ និងចាក់ដីពង្រីកច្រាំងស្ទឹងត្រើយខាងលិចនេះ គឺជាផ្នែកមួយនៃផែនការមេរបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកែប្រែសោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងស្អាត គួរជាទីមនោរម្យសម្រាប់ការរស់នៅ និងការទស្សនា៕

