រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីពង្រឹងការគ្រប់គ្រង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥

សៀមរាប: នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ សម្រាប់ថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះ លោក សំកុល សុចិត្រា មានប្រសាសន៍ថា ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋស្តីពីវិធាន និងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សារាចរណែនាំមួយចំនួនទៀត ប្រព័ន្ធ SARMIS ត្រូវបានដាក់ឱ្យអនុវត្តចំពោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ចាប់ពីឆ្នាំ២០២១ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីឱ្យការកត់ត្រាទិន្នន័យមានភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ។ លោក សំកុល សុចិត្រា មានប្រសាសន៍បន្ដថា តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លុះបញ្ចាំងពីប្រសិទ្ធភាព និងតម្លាភាពនៃការប្រើប្រាស់ថវិការបស់រដ្ឋ។ លោកក៏បានកោតសរសើរដល់មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានចុះបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិ ឱ្យចេះប្រើប្រាស់ប្រព័ន្ធ SARMIS បានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោក ផាន់ មករា មានប្រសាសន៍ថា ការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺជាអាទិភាពមួយ នៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីឆ្ពោះទៅបង្កើនគណនេយ្យភាពសមិទ្ធកម្ម ដែលជាគោលដៅចម្បងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការជំរុញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានកំណត់ជាច្បាប់គ្រប់គ្រងដែលតម្រូវឲ្យអាជ្ញាធរកាន់កាប់ និងអ្នកពាក់ព័ន្ធនឹងអង្គភាពប្រើប្រាស់នេះជាសារពើភណ្ឌ ការរៀបចំបញ្ជីសារពើភ័ណ្ឌគឺសំខាន់ណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យើងដឹងស្រាប់ហើយក្រសួងហិរញ្ញវត្ថុចំណាយប្រចាំឆ្នាំ។

លោកបន្តថា កិច្ចប្រជុំនេះ មិនត្រឹមតែជាការត្រួតពិនិត្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ យើងក៏រំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ នឹងកាន់តែមានគុណភាពល្អ សង្គតិភាព សុក្រឹតភាព និងតម្លាភាពខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានជូនរាជរដ្ឋាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *