ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ នៅស្រុកឯកភ្នំ ត្រូវយកចិត្តទុកដាក់ពង្រឹងការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ក្នុងសហគមន៍។
ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ។ ពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចតែងតាំង លោក ប៊ី សុភាព ជាអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ជំនួសលោក ម៉ិល សុផល ត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំត្រូវបន្តពង្រឹងរួបរួមសាមគ្គីគ្នាជាធ្លុងដឹកនាំអភិវឌ្ឍន៍ស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនបន្ថែមលើគ្រប់វិស័យ។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋពាក់ព័ន្ធចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាពបំផុត។ ជាមួយគ្នានោះ ឯកឧត្តម បញ្ជាឱ្យអាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញស្រាវជ្រាវរកមេខ្លោងដែលប្រព្រឹត្តបទល្មើសនេសាទកន្លងមកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។
ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំឭកដល់អាជ្ញាធរត្រូវបង្កើនការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលផលប៉ះពាល់នៃការនេសាទខុសច្បាប់ និងប្រគល់ឧបករណ៍នេសាទជូនដល់អាជ្ញាធរមានសមត្ថកិច្ចសំដៅរួមគ្នាលុបបំបាត់ការនេសាទខុសច្បាប់រក្សាធនធានមច្ឆាជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងសហគមន៍ជាពិសេសតំបន់ជាប់បឹងទន្លេសាប ព្រមទាំងបន្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់លោកអភិបាលស្រុកថ្មី ឱ្យបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍ និងលើកស្ទួយផលិតផលសក្តានុពលប្រចាំតំបន់ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕

