មណ្ឌលសុខភាពឃុំពោធិ៍ទី រួមជាមួយអ្នកជំងឺចំនួន ៧នាក់ និងស្ត្រីទើបសម្រាលកូនចំនួន ១នាក់ ទទួលបានការឧបត្ថម្ភនិងអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល

ស្រុកស៊ីធរកណ្ដាល៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំ អនុប្រធាន ហេរញ្ញិក សមាជិកគណៈកម្មាធិការ មន្រ្តីប្រចាំការ បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកថ្នាំពេទ្យ ព្រមទាំងអំណោយមនុស្សធម៌របស់អនុសាខាស្រុក ផ្តល់ជូនមណ្ឌលសុខភាពឃុំពោធិ៍ទី រួមជាមួយអ្នកជំងឺចំនួន ៧នាក់ និងស្ត្រីទើបសម្រាលកូនចំនួន ១នាក់ ដែលកំពុងសម្រាកព្យបាល នៅមណ្ឌលសុខភាពឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ជាក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយគ្នានោះ លោកប្រធាន បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមណ្ឌលសុខភាពឃុំពោធិ៍ទី ទាំងអស់ ដែលកន្លងមកបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងចំណេះជំនាញ និងបានសំណូមពរសូមអោយមានការខិតខំបន្ថែមទៀត ធ្វើយ៉ាងណាអោយការផ្តល់សេវាសុខាភិបាលរបស់មណ្ឌលសុខភាពកាន់តែមានភាពល្អប្រសើរឡើង។ បន្ថែមពីនេះ លោកប្រធាន បានសំណូមពរសូមអោយអ្នកជំងឺ អាណាព្យាបាល និងស្ត្រីទើបសម្រាលកូន ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ ដោយប្រកាន់យកនូវការរស់នៅស្អាត បរិភោគស្អាត ផឹកស្អាត ត្រូវតាមដានសុខភាពជាប្រចាំ គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ពិសេស ស្ត្រីទើបសម្រាលត្រូវថែទាំសុខភាពខ្លួនឯងអោយបានល្អ និងសូមយកកូនមកចាក់វ៉ាក់សាំងការពារអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ។

សម្ភារៈផ្តល់ជូនរួមមាន៖
1-មណ្ឌសុខភាពទទួលបាន៖ ថ្នាំពេទ្យ Amoxicillin ចំណុះ ១២៥mg ប្រភេទម្ស៉ៅ ចំនួន ៥០ដប។
-លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឧបត្ថម្ភថវិកាដល់មណ្ឌលសុខភាពសម្រាប់ការអភិវឌ្ឍន៍ ចំនួន ២០០,០០០ រៀល។
2-អ្នកជំងឺចំនួន ៧នាក់ ទទួលបានថវិកាក្នុងម្នាក់ចំនួន ២០,០០០ រៀល និងស្រី្តទើបសម្រាលកូនចំនួន ១នាក់ ទទួលបានកន្ធុនជ័រ១, កំសៀវដាំទឹក១, បំពង់ទឹកក្តៅ១ និងថវិកាចំនួន ២០,០០០ រៀល។
-ក្រុមកាកបាទក្រហមឃុំពោធិ៍ទី បានឧបត្ថម្ភថវិកាបន្ថែមដល់អ្នកជំងឺ ៧នាក់ ក្នុងម្នាក់ៗ ចំនួន ១០,០០០ រៀល និងស្រី្តទើបសម្រាលកូន ១នាក់ ចំនួន ២០,០០០ រៀល។

Screenshot

Screenshot

Screenshot
Screenshot

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *