ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវទំនុកចិត្ត និងការបន្តគាំទ្រពីប្រជាពលរដ្ឋ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋាន ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវទំនុកចិត្ត និងការបន្តគាំទ្រពីប្រជាពលរដ្ឋ មកលើគណបក្ស។ ថ្លែងបែបនេះ ក្នុងប្រជុំគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមឯកឧត្តម អនុប្រធានគណបក្សខេត្ត, សមាជិកគណៈអចិន្ត្រៃយ៍, សមាជិកគណៈកម្មាធិការបាក់ខេត្ត និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម​ ប្រធានគណៈកម្មាធិការបក្សខេត្ត ក៏បានជំរុញឲ្យ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ​ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងសង្កត់ធ្ងន់ថា សូមមន្ត្រីគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ជាពិសេសចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *