រដ្ធបាលខេត្តព្រៃវែង បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដល់មន្ត្រីពាក់ព័ន្ធជាង ៥០០រូប

​ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសស្តីពី «ការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ព្រមទាំងការអនុវត្តន៍ការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណភូមិភាគ៦»។

ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំ នៃសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបរួមមាន ​ប្រធានសាលាដំបូងខេត្ត
​តំណាងនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
​នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរង​ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយក នាយករងទីចាត់ការសាលាខេត្ត
​ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងនាយការិយាល័យអត្តសញ្ញាណកម្ម
​អភិបាលក្រុង ស្រុកទាំង១៣ និងអធិការនគរបាលក្រុង ស្រុក
​ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក
​មេឃុំ ចៅសង្កាត់, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, ស្មៀនឃុំ សង្កាត់ និងជំនួយការរដ្ឋបាលឃុំ សង្កាត់ សរុបសមាសភាពចូលរួមទាំងអស់ចំនួន ៥៣០ រូប។

​វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹងបន្ថែមដល់មន្ត្រីអនុវត្តផ្ទាល់ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ អំពីនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម។ ជាងនេះទៅទៀត ក៏ដើម្បីជំរុញ និងតាមដានប្រសិទ្ធភាពនៃការផ្តល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋនៅក្នុងភូមិភាគ៦ ឱ្យកាន់តែមានភាពឆាប់រហ័ស តម្លាភាព និងត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកទេស។

​ក្រោយពិធីបើកជាផ្លូវការ វគ្គបណ្ដុះបណ្ដាលបានដំណើរការទៅតាមវារៈ ដោយមានការឧទ្ទេសនាមពីមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ ដើម្បីឱ្យសិក្ខាកាមទាំងអស់យកទៅអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យចំទិសដៅ និងទទួលបានលទ្ធផលខ្ពស់បំផុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *