រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

(កំពង់ចាម) :នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានធ្វើការដុតកម្ទេចគ្រឿងញៀនដែលបង្ក្រាបបានសរុបចំនួន ១១.៨៣០,៥០ក្រាម។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រស់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតែជាប្រធានបទដ៏ក្តៅគគុក និងជាក្តីកង្វល់រួមរបស់សង្គមជាតិទាំងមូល។ ក្នុងគោលបំណងរួមគ្នាដើម្បីកសាងសង្គមមួយដែល «គ្មានគ្រឿងញៀន គ្មានអ្នកប្រើប្រាស់ គ្មានអ្នកបំពានសារធាតុញៀន និងគ្មានការជួញដូរ» នៅក្នុងសហគមន៍ ភូមិ-ឃុំ នៃការរស់នៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវរាល់យន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះភ័យមួយនេះ តាំងពីថ្នាក់ជាតិ ថ្នាក់ក្រសួងមហាផ្ទៃ រហូតដល់ថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំពុះពារគ្រប់ឧបស័គ្គ រួមគ្នាបង្ការ និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តកំពង់ចាម រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាក់ស្តែង ក្នុងចំណោមឃុំ-សង្កាត់ទាំង ១០៩ មានឃុំ-សង្កាត់ចំនួន ១០៧ ហើយដែលត្រូវបានវាយតម្លៃជា «ពណ៌ស» (គ្មានគ្រឿងញៀន) និងមានតែ ២ ប៉ុណ្ណោះជា «ពណ៌ប្រផេះ» ខណៈដែល «ពណ៌ខ្មៅ» គឺមិនមានទាល់តែសោះ។ ដោយឡែកចំពោះទីតាំងប្រមូលផ្តុំសំខាន់ៗសរុប ១.៤៨៥ ទីតាំង ដែលរួមមាន គ្រឹះស្ថានសិក្សា ៥៥២ ទីតាំង, សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ៨៧៨ ទីតាំង ព្រមទាំងទីសប្បាយដ្ឋាន ៥៥ ទីតាំង គឺសុទ្ធតែជាប្រភេទ «ពណ៌បៃតង» ដែលមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តខិតខំបន្ថែមទៀត ដើម្បីផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនៅក្នុងពិធីនាពេលនេះ មានបរិមាណសរុប ១១.៨៣០,៥០ក្រាម។ បរិមាណនេះមានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២៥ កន្លងទៅ ដែលមានចំនួនរហូតដល់ទៅ ៤៣២.៨៤គីឡូក្រាម។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនមិនមែនជាការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ រួមដៃគ្នាទប់ស្កាត់ និងណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀនដាច់ខាត ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *