ខេត្តសៀមរាប: លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង និងតាមដានស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងការផ្ទេរចេញ និងផ្ទេរចូល ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅ។
ក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផល នៃការប្រមូលទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក សម្រាប់ផលិតឯកសារព័ត៌មាន ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច គាំទ្រក្នុងការកសាងផែនការ នៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនានេះ លោក លី សារី បានបញ្ជាក់ថា ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋមិនមែនជារឿងរដ្ឋបាលសុទ្ធសាធនោះទេ ប៉ុន្តែជាកត្តាចម្បងដែលកំណត់ភាពជោគជ័យនៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ភាពជោគជ័យនៃការគ្រប់គ្រងមូលដ្ឋាន គឺផ្ដើមចេញពីការស្គាល់ និងការយល់ច្បាស់ពីស្ថានភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឯង។ ដូច្នេះមន្ត្រីមូលដ្ឋានត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ បំពេញការងារដោយភាពស្មោះត្រង់ និងតម្លាភាព ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋាន។
លោកបន្តថា អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវរាល់ការផ្លាស់ប្តូរទីលំនៅ ការចូលមកស្នាក់នៅរបស់ប្រជាពលរដ្ឋថ្មីៗ ឬការចាកចេញ ដើម្បីធានាថាទិន្នន័យមានភាពប្រាកដប្រជា។ ការប្រមូលទិន្នន័យត្រូវឆ្លងកាត់ការពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ជាមួយសមត្ថកិច្ច ដើម្បីចៀសវាងការខុសឆ្គងដែលអាចប៉ះពាល់ដល់ការកំណត់អត្តសញ្ញាណ ឬការផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនពលរដ្ឋ។ ស្ថិតិដែលទទួលបាន ត្រូវយកមកវិភាគ និងប្រើប្រាស់ជាមូលដ្ឋានគ្រឹះក្នុងការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរភូមិ ឃុំសង្កាត់ ក្នុងការផ្លាស់ប្តូរព័ត៌មានឱ្យបានលឿន និងមានប្រសិទ្ធភាព។
លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ថា ទិន្នន័យមូលដ្ឋានគឺបានដើរតួជាត្រីវិស័យជួយឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធអាចកំណត់បាននូវតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដូចជាស្ថានភាពភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសង្គម ដើម្បីដាក់ចេញនូវគម្រោងអភិវឌ្ឍន៍នានាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ហើយតាមរយៈកិច្ចការនេះ វាគឺជាកិច្ចការមួយសំខាន់ ដែលយើងត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរផែនការខេត្ត ក្រោមការសម្របសម្រួលបច្ចេកទេសរបស់ក្រសួងផែនការ៕

