រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ រយៈពេល ១០ថ្ងៃ

ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថារដ្ឋបាលខេត្តបាត់ដំបងបានសម្រេចនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃដែលនឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម គូសបញ្ជាក់ថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៦នេះនឹងត្រូវរៀបចំឡើងឱ្យមានលក្ខណៈប្លែក អធិកអធម និងមានភាពទាក់ទាញជាងឆ្នាំមុនដោយរៀបចំឱ្យមានជាការដង្ហែក្បួនផ្លែឈើបើកព្រឹត្តិការណ៍ និងប៊ូហ្វេទុរេនរយៈពេល៣ថ្ងៃដើម្បីឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេនដ៏ឆ្ងាញ់របស់ទុរេនបាត់ដំបង។

ឯកឧត្តម សង្កត់ធ្ងន់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវសហការគ្នារៀបចំកម្មវិធីព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយរលូនមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

ឯកឧត្តម ណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង ១៤ឱ្យនាំយកនូវផ្លែឈើដែលមានសក្ដានុពលប្រចាំតំបន់របស់ខ្លួនមកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងកម្សាន្ត។ ឯកឧត្តម អភិបាលខេត្ត បង្ហាញក្ដីរំពឹងទុកថាព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *